Wednesday, July 8, 2015

ដំណាំឪឡឹក


ឪឡឹក គឺជាដំណាំហូបផ្លែម៉្យាងដែលមានសំបកព៌ណបៃតង និងមានសាច់ ព៌ណក្រហម ។ ផ្លែឪឡឹកមានរស់ជាតិផ្អែម ឆ្ងាញ់ និងត្រជាក់នៅពេលដែលយើងបរិភោគ ពិសេសនៅរដូវក្តៅ ។ ដំណាំនេះយើងអាចដាំបាននៅតំបន់ទំនាប ហើយក៏អាចដាំនៅតំបន់ ខ្ពង់រាបបានផងដែរ ។
១. ការរៀបចំដី :
តំបន់ខ្ពង់រាបភាគច្រើន ជាតំបន់ព្រៃភ្នំដូច្នេះមានការពិបាកក្នុងការភ្ជួររាស់មុនដាំ យើងត្រូវកាប់ឆ្ការ ដុតកាកសំណល់រុក្ខជាតិ ។ បន្ទាប់មកកាប់រណ្តៅជាជួរហាលចោលចំនួន ៥ ថ្ងៃ ទើបយកជីទៅច្របល់ដាក់ក្នុងរណ្តៅដាំតែម្តង ។ ចំពោះជី យើងលាយលាមកគោចំនួន ១ គីឡូកន្លះ ផេះកន្លះគីឡូ និងជីអ៊ុយរ៉េ និងលាយជីខ្មៅ(១៦-២០-០)ចំនួន៣ខាំដាក់ក្នុង ១ រណ្តៅ ។ តែជីទាំងអស់នេះលាយក្នុងពេលតែមួយ មុននឹងយកទៅដាក់ក្នុងរណ្តៅ ។
២. របៀបដាំ :
ក្នុងការដាំយើងត្រូវកប់គ្រាប់ចំនួន ៦ គ្រាប់ ក្នុងមួយរណ្តៅ លុះដល់ពេលឪឡឹកចាប់ផ្តើមលូតលាស់ គេត្រូវដក់ដើមខ្លះចេញទុកតែដើមណាដែលថ្លោសរឹងមាំល្អ ៣ ដើមក្នុង ១ រណ្តៅ ។ ចំពោះគំលាតគុម្ពពីរណ្តៅមួយទៅមួយ ៧ តឹក និងពីជួរមួយទៅមួយ ៧ តឹកដែរ ។
៣. របៀបថែទាំ :
បន្ទាប់ពីដាំបានរយៈពេល ១៨ ថ្ងៃ យើងត្រូវថែមជីកែងមួយរណ្តៅ ២ស្លាបព្រាបាយរោយជុំវិញរណ្តៅដោយឲ្យឃ្លាតពីគល់បន្តិច ។ រយៈពេល ១០ ថ្ងៃក្រោយពីដាក់ជី យើងត្រូវស្រោចជីទឹកដែលបានផ្សំពីផេះ និងជីកែងដោយផ្សំជីកែងចំនួន ២.៥គីឡូក្រាម ផេះ ៤ គីឡូក្រាម និងទឹក ៣០ លីត្រ ។
ក្រោយពេលដាំបានរយៈពេល ៣៥ ថ្ងៃ យើងចាប់ផ្តើមដើរកាត់ត្រួយចេញ (ត្រួយ ដើមមេក៏កាត់ចោលដែរ) ដោយក្នុង ១ ដើម ទុកតែ ២ ខ្នែងខាងដើម ។ ការកាត់ត្រួយនេះ ដើម្បីកុំឲ្យដើម ដងលូតលាស់ល្អពេក ឲ្យជីទៅចិញ្ចឹមដល់ផ្លែ ហើយខ្នែងបន្ទាប់ទៀត ។ ជាពិសេសទៅទៀត នៅពេលឪឡឹកចេញផ្លែ យើងទុកផ្លែតែមួយប៉ុណ្ណោះក្នុង ១ ដើម ទោះបីផ្លែទាំងនោះមានទំហំប៉ុនគ្នាក៏ដោយ ។ ចំពោះការបោចស្មៅ និងស្រោចទឹកយើងត្រូវធ្វើ និងស្រោចជារៀងរាល់ថ្ងៃ ព្រឹក-ល្ងាចចាប់តាំងពីពេលដាំរហូតដល់មុនបេះផ្លែ ៥ថ្ងៃ

No comments:

Post a Comment